អំឡុងពេលពពោះបើម៉ាក់ៗព្យាយាមសម្រកទម្ងន់ នោះនឹងអាចបង្កជាហានិភ័យធ្ងន់ធ្ងរដល់ទារកក្នុងផ្ទៃ។
ជាក់ស្តែងរាងកាយយើងប្រឈមនឹងការប្រែប្រួលជាច្រើនមិនថាផ្លូវកាយនិងផ្លូវចិត្តនោះទេហើយថ្វីត្បិតតែការឡើងទម្ងន់កើតឡើងជាទូទៅលើស្រ្តីពពោះក៏ពិតមែនក៏មានគ្នាយើងខ្លះមានអារម្មណ៍ខ្មាស់អៀននិងព្យាយាមសម្រកទម្ងន់ដែរ។ ប៉ុន្តែការធ្វើបែបនេះអាចបង្កជាផលប៉ះពាល់អវិជ្ជមានដល់ទាំងសុខភាពម៉ាក់និងបេប៊ី។
ម៉េចបានការឡើងទម្ងន់ខ្លួនអំឡុងពេលពពោះមានសារៈសំខាន់ខ្លាំង?
ជាធម្មតាអត្រាធ្វើមេតាប៉ូលីសនឹងកើនឡើងរហូតដល់២០ភាគរយអំឡុងពេលពពោះពីព្រោះយើងត្រូវការថាមពលបន្ថែមដើម្បីជំនួយដល់ការលូតលាស់របស់កូនហើយខ្លាញ់ដែលប្រមូលផ្តុំនៅត្រង់ពោះ ដើមទ្រូង និងត្រគាកគឺចាំបាច់បំផុតនៅអំឡុងពេលពពោះនិង ក្រោយសម្រាល។ មួយវិញទៀត ទំហំស្បូនរបស់យើងក៏កើនឡើង ហើយសរីរាង្គមួយទៀតគឺសុកក៏ចាប់ផ្តើមកកើតឡើងដូចគ្នា ដើម្បីផ្តល់សារធាតុចិញ្ចឹមដល់ទារកក្នុងផ្ទៃ។
តើម៉ាក់គួរឡើងទម្ងន់ប៉ុន្មានគីឡូអំឡុងពេលពពោះ?
យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លង ( Centers for Disease Control and Prevention ) បានឲ្យដឹងថា ការកើនឡើងទម្ងន់ខ្លួនសមស្របអំឡុងពេលពពោះគឺអាស្រយលើទម្ងន់ខ្លួនរបស់យើងមុនពេលពពោះ។ សម្រាប់ម៉ាក់ដែលស្គមគួរឡើងទម្ងន់ចន្លោះពី១២គីឡូ ដល់១៨គីឡូ ហើយអ្នកមានទម្ងន់ខ្លួនមធ្យមគឺឡើងចន្លោះពី១១គីឡូ ដល់១៥គីឡូ ចំណែកម៉ាក់ៗដែលលើសទម្ងន់ស្រាប់ការឡើងទម្ងន់តិចតួចគឺល្អបំផុតអំឡុងពេលពពោះ។ ពិតណាស់ អំឡុងពេលពពោះ យើងត្រូវការប្រូតេអុីន អាស៊ីដហ្វូលីដ និងកូលីន កាន់តែច្រើន ហើយក៏ត្រូវប្រាកដថា ម៉ាក់ៗទទួលបានវីតាមីន D កាល់ស្យូមជាតិសរសៃ និងប៉ូតាស្យូមឲ្យបានគ្រប់គ្រាន់។ សារធាតុចិញ្ចឹមមួយចំនួនអាចរកបាននៅក្នុងវីតាមីនរក្សាគភ៌ ប៉ុន្តែយើងក៏អាចជ្រើសរើសរបបអាហារដែលសម្បូរទៅដោយសារធាតុទាំងអស់នេះបានតាមរយៈការញ៉ាំបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ប្រូតេអុីន និងខ្លាញ់សុខភាពផងដែរ។
ហានិភ័យនៃការព្យាយាមសម្រកគីឡូអំឡុងពេលពពោះ
ការសម្រកទម្ងន់អំឡុងពេលពពោះ អាចបង្កហានិភ័យដល់ការលូតលាស់របស់ទារក ដោយទារកខ្លះអាចប្រឈមនឹងការកើតមុនខែ ឬមានទម្ងន់ខ្លួនស្រាលជាងធម្មតា ដែលកត្តានេះក៏អាចនាំឲ្យកូនមានបញ្ហាក្នុងការបៅដោះ ព្រមទាំងងាយឈឺថែមទៀតផង។ ដូច្នេះហើយស្រ្តីពពោះមិនគួរព្យាយាមសម្រកគីឡូឡើយផ្ទុយទៅវិញម៉ាក់អាចពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញអំពីរបបអាហារល្អៗអំឡុងពេលពពោះនិងការធ្វើលំហាត់ប្រាណដែលមានសុវត្ថិភាព។
ដើម្បីស្វែងយល់បន្ថែមពីអាហារដែលសម្បូរដោយជីវជាតិ និងសារធាតុចិញ្ចឹម ដែលជួយឲ្យកូនរបស់លោកអ្នក មានការលូតលាស់ល្អក៏ដូចជា ជួយដល់ការអភិវឌ្ឍខួរក្បាលរបស់ពួកគេ សូមចុចទីនេះ ឬ លោកអ្នកអាចចុះឈ្មោះជាសមាជិក កូនឆ្លាតក្លឹប បានដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ សៀវភៅអប់រំ និងការប្រឹក្សាយោបល់ដោយឥតគិតថ្លៃបាន។
បញ្ជាក់៖រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះមិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេលឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះនិងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕
អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប