របបអាហារសំខាន់ៗដែលកូនតូចចាប់ពីអាយុ ៦ ខែត្រូវការ
បន្ទាប់ពីអាយុ ៦ ខែ ម៉ាក់ៗគួរឱ្យអូនតូចញុំាអាហារបន្ថែមក្រៅតែពីការបំបៅដោះ ព្រោះក្នុងដំណាក់កាលនេះកូនត្រូវការសារជាតិចិញ្ចឹមបន្ថែមដើម្បីលូតលាស់ និងអភិវឌ្ឍរាងកាយ។ ដើម្បីឱ្យកូនលូតលាស់បានល្អ មិនសូវឈឺ អាហារបន្ថែមរបស់កូនចាប់ពីអាយុបាន៦ខែ គួរមានសាររជាតិចិញ្ចឹមសំខាន់ៗដូចខាងក្រោមនេះ៖
១. កាល់ស្យូម
កាល់ស្យូមមិនត្រឹមតែជួយឱ្យធ្មេញ និងឆ្អឹងកូនលូតលាស់បានល្អនិងរឹងមាំទេ ថែមទាំងជួយបញ្ចៀសការបាក់ឆ្អឹង នៅពេលដែលកូនដួល និងជំងឺឆ្អឹងទន់ដែលអាចធ្វើឱ្យកូនកោងជើង។ បន្លែបៃតង គ្រាប់ល្ង និងសណ្តែក ជាដើមសុទ្ធតែសម្បូរទៅដោយកាល់ស្យូម។
២. អាស៊ីដអូមេហ្កា៣
អាស៊ីដខ្លាញ់អូមេហ្កា ៣ ជួយឱ្យកូនអភិវឌ្ឍខួរក្បាល និងភ្នែកបានល្អ។ ម៉ាក់ៗអាចបញ្ចូលស៊ុត ប្រេងអូលីវ ផ្លែបឺរ បន្លែបៃតង ត្រីសាឌីន និងត្រីសាល់ម៉ុនជាដើម ទៅក្នុងរបបអាហារកូន ព្រោះអាហារទាំងនេះសម្បូរអាស៊ីដខ្លាញ់អូមេហ្កា ៣។
៣. ជាតិដែក
រាងកាយកូនត្រូវការជាតិដែកដើម្បីផលិតគ្រាប់ឈាមក្រហម ដែលមានមុខងារដឹកនាំអុកស៊ីសែន និងសារធាតជាតិចិញ្ចឹមទៅគ្រប់កោសិកា។ ដូចនេះ បើកូនខ្វះជាតិដែក ការផលិតគ្រាប់ឈាមក្រហមក៏ថយចុះ ពេលនោះកូននឹងខ្វះសារជាតិចិញ្ចឹមបណ្តាលឱ្យលូតលាស់យឺតខ្សោយបេះដូង និងប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល។ ជាតិដែកសម្បូរក្នុងអាហារដូចជា ស៊ុត សាច់ក្រហម បន្លែបៃតង និងដំឡូងជ្វា។
៤. ស័ង្កសី
ស័ង្កសីគឺជាសារធាតុរ៉ែដែលជួយដល់មុខងារប្រព័ន្ធភាពស៊ាំ ជួយរាងកាយផលិតប្រូតេអ៊ីន និងជួយឱ្យរបួសឆាប់ជា។ អាហារផ្ទុកស័ង្កសីខ្ពស់រួមមានគ្រឿងសមុទ្រ សាច់ក្រហម គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើ។
៥. វីតាមីនផ្សេងៗ
វីតាមីនសំខាន់ៗដូចជាវីតាមីន A C និង D មានគុណប្រយោជន៍ជួយដល់ការលូតលាស់ និងជួយឱ្យកូនមានសុខភាពល្អ។វីតាមីនA ដែលមាននៅក្នុងដំឡូងជ្វា ការ៉ុត ល្ពៅ និងល្ហុងជាដើមជំនួយសុខភាពស្បែកនិងភ្នែកកូន។ ចំណែកឯវីតាមីនC ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ជួយការពារកូនពីជំងឺផ្សេងៗដោយពង្រឹងប្រព័ន្ធការពាររាងកាយកូននិងជួយឱ្យស្បែកកូនស្រស់ថ្លា ហើយមាននៅក្នុងអាហារដូចជាផ្លែក្រូច ល្ហុង និងប៉េងប៉ោះ។រីឯវីតាមីន D ដែលមាននៅក្នុងតៅហ៊ូ ផ្សិត ស៊ុតក្រហម ជួយឱ្យរាងកាយកូនស្រូបកាល់ស្យូមបានល្អដែលជួយឱ្យឆ្អឹង និងធ្មេញកូនរឹងមាំ ។
យ៉ាងណាម៉ាក់ត្រូវដឹងថា អាហារបន្ថែមដំបូងសម្រាប់កូនអាយុចាប់ពី ៦ ខែឡើងទៅត្រូវមានលក្ខណៈជ្រាយ ទន់ ម៉ដ្ឋ ផុយ និងឆ្អិនល្អ។
ដើម្បីស្វែងយល់បន្ថែមពីអាហារដែលសម្បូរដោយជីវជាតិ និងសារធាតុចិញ្ចឹម ដែលជួយឲ្យកូនរបស់លោកអ្នក មានការលូតលាស់ល្អក៏ដូចជា ជួយដល់ការអភិវឌ្ឍរាងកាយរបស់ពួកគេ លោកអ្នកអាចចុះឈ្មោះជាសមាជិក កូនឆ្លាតក្លឹប បានដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ សៀវភៅអប់រំ និងការប្រឹក្សាយោបល់ដោយឥតគិតថ្លៃបាន។
បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕
អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។
ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។