កត្តាសំខាន់២យ៉ាង ជួយឱ្យកូនមានសុខភាពល្អ និងឆ្លាតវៃ
ពិតណាស់ ក្នុងនាមជាឪពុកម្តាយ យើងអាចនឹងមានចម្ងល់ថា តើធ្វើដូចម្តេច ឬគួរឲ្យកូនញ៉ាំអាហារូបត្ថម្ភអ្វីខ្លះដើម្បីជួយឲ្យពួកគេមានសុខភាពល្អ និងឆ្លាតវៃ?
ដើម្បីឆ្លើយតបទៅនឹងចម្ងល់ខាងលើ ប៉ាម៉ាក់គួរតែស្វែងយល់ពីដំណាក់កាលនៃការលូតលាស់ខួរក្បាលរបស់កូនជាមុនសិន។ បើតាមការសិក្សាផ្សេងៗ ខួរក្បាលកុមារ មានការវិវឌ្ឍដ៏គួរឲ្យកត់សម្គាល់ និងយ៉ាងឆាប់រហ័សក្នុងរយៈពេល៦ឆ្នាំដំបូង។ ខួរក្បាលកុមារ ជាធម្មតា មានទំហំ៣៦%នៃខួរក្បាលមនុស្សធំ ក្នុងពេលកើត និងបន្តលូតលាស់រហូតដល់៧០%នៃខួរក្បាលមនុស្សធំ បន្ទាប់ពីមានអាយុ១ឆ្នាំ ហើយលូតលាស់បានដល់ទៅ៩០%នៃខួរក្បាលមនុស្សធំ ពេលមានអាយុ៦ឆ្នាំ។
ហេតុនេះ ការមើលថែទាំកូនប្រកបដោយភាពត្រឹមត្រូវក្នុងដំណាក់កាលនេះ ពិតជាសំខាន់ណាស់ក្នុងការជួយឲ្យកូនមានសុខភាពល្អ និងឆ្លាតវៃ ពិសេសមានការអភិវឌ្ឍខួរក្បាលបានល្អប្រសើរ។
ការសិក្សាជាច្រើនបានបង្ហាញថា បើទោះបីកត្តាហ្សេន ពិតជាមានឥទ្ធិពលមួយផ្នែកលើការអភិវឌ្ឍខួរក្បាលរបស់កុមារ ក៏ដោយ ប៉ុន្តែ ការផ្តល់អាហារូបត្ថម្ភដ៏ត្រឹមត្រូវ និងការអនុញ្ញាតឲ្យកូនបញ្ចេញសកម្មភាពឲ្យបានច្រើន តាមរយៈការលេង ឬការលេងកីឡា ពិតជាផ្តល់អត្ថប្រយោជន៍ដ៏ធំដល់កុមារ។ កត្តាទាំង២នេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារ ធ្វើឲ្យកុមារមានភាពឆ្លាតវៃ ពង្រឹងប្រព័ន្ធការពាររាងកាយ ក៏ដូចជា ពង្រឹងសុខភាពជាទូទៅរបស់កុមារ
ហេតុនេះ តើប៉ាម៉ាក់គួរផ្តល់អាហារូបត្ថម្ភអ្វីខ្លះ?
ដើម្បីជួយឲ្យកូនមានសុខភាពរឹងមាំ និងមានការអភិវឌ្ឍខួរក្បាលបានល្អ ប៉ាម៉ាក់ៗគួរតែផ្តោតលើសកម្មភាព និងសារធាតុខាងក្រោមនេះ នៅពេលដែលកូនអាចញ៉ាំអាហាររឹងបាន ដើម្បីបន្ថែមលើទឹកដោះម្តាយ ឬបន្ទាប់ពីកូនមានអាយុ២ឆ្នាំឡើង ដោយអាហារ ឬសារធាតុទាំងនោះ មានដូចជា៖
- DHA និង ARA
DHA (Docosahexaenoic Acid) គឺជាប្រភេទអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលដើរតួនាទីដ៏សំខាន់ក្នុងការជួយអភិវឌ្ឍ និងមុខងាររបស់ខួរក្បាលរបស់កុមារ ជាពិសេសនៅប៉ុន្មានឆ្នាំដំបូងនៃអាយុរបស់កុមារ។ ដោយឡែក ARA (Arachidonic Acid) គឺជាប្រភេទអាស៊ីតខ្លាញ់ដ៏សំខាន់មួយផ្សេងទៀត ដែលធ្វើការរួមគ្នាជាមួយនឹង DHA ដើម្បីជួយពង្រឹងមុខងារ និងគាំទ្រការអភិវឌ្ឍខួរក្បាល។
អាហារដែលសម្បូរសារធាតុទាំងនេះ មានដូចជា ត្រីសាល់មុនស៊ុត សាច់សត្វ និងម្សៅទឹកដោះគោសម្រាប់កុមារជាដើម។
- Prebiotics និង Probiotics
ដូចដែលយើងបានដឹងស្រាប់ហើយថា ប្រព័ន្ធការពាររាងកាយដល់ទៅ៧០%ស្ថិតក្នុងក្រពះពោះវៀន ហេតុនេះ ការមានសុខភាពក្រពះពោះវៀនល្អ នឹងនាំឲ្យកុមារមានសុខភាពរឹងមាំ អាចទប់ទល់នឹងជំងឺ ក៏ដូចជា មានភាពឆ្លាតវៃ ទៅតាមហ្នឹងដែរ ដោយសារអាចបឺតស្រូបជីវជាតិបានល្អ ទៅចិញ្ចឹមខួរក្បាល។
ដូច្នេះហើយ ទើបប៉ាម៉ាក់គួរតែផ្តោតលើការផ្តល់សារធាតុPrebiotics និង Probiotics ក្នុងរបបអាហារប្រចាំថ្ងៃរបស់កូន ពេលកូនអាចញ៉ាំអាហាររឹងបាន ព្រោះProbiotics គឺជាប្រភេទប្រាក់តេរីល្អ ក្នុងក្រពះពោះវៀន ហើយPrebiotics គឺជាចំណីអាហាររបស់ Probiotics។ សារធាតុនេះទាំងនេះ នឹងជួយផលិតពពួកអង់ទីក័រផ្សេងៗ ដើម្បីពង្រឹងសុខភាពក្រពះពោះវៀន ប្រព័ន្ធការពាររាងកាយ និងការលូតលាស់ជាទូទៅរបស់កុមារ។
អាហារដែលសម្បូរសារធាតុទាំង២ មានដូចជា ខ្ទឹមស ផ្លែចេក ថ្លែប៉ោម គ្រាប់ធញ្ញជាតិ យ៉ាអួរ ប្រភេទអាហារជ្រក់ និងទឹកដោះគោដែលបញ្ចូលសារធាតុទាំងនេះ។
- ការអនុញ្ញាតឲ្យកូនលេង ឬហាត់កីឡា
ការអនុញ្ញាតឲ្យកូនបញ្ចេញសកម្មភាពជាប្រចាំ តាមរយៈការលេង ឬហាត់កីឡា ផ្តល់អត្ថប្រយោជន៍ជាច្រើន។ ការសិក្សាជាច្រើនបង្ហាញថា ការអនុញ្ញាតឲ្យកូនលេងជាប្រចាំ ឬហាត់កីឡា មិនត្រឹមតែជួយឲ្យកូនមានភាពឆ្លាតវៃប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជួយឲ្យកូនមានសុខភាពល្អ មានប្រព័ន្ធការពាររាងកាយរឹងមាំ និងការអភិវឌ្ឍទូទៅបានល្អ ផងដែរ។
ការបញ្ចេញសកម្មភាពតាមរយៈការលេង ឬការលេងកីឡាជាប្រចាំ ជួយបង្កើនលំហូរឈាមទៅកាន់ខួរក្បាល ដែលជំរុញឲ្យសមត្ថភាពខួរក្បាលអភិវឌ្ឍកាន់តែល្អប្រសើរ ដូចជា សមត្ថភាពផ្តោតអារម្មណ៍ ការចងចាំ និងការដោះស្រាយបញ្ហា ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជួយដល់ប្រព័ន្ធការពាររាងកាយផងដែរ ព្រោះការលេងកីឡាជាប្រចាំ ជួយកាត់បន្ថយអ័រមូននៃភាពតានតឹង ដែលដំណើរការនេះ នឹងជួយពង្រឹងមុខងារនៃប្រព័ន្ធភាពស៊ាំ។
សរុបមក ការផ្តល់អារហារូបត្ថម្ភដ៏ត្រឹមត្រូវសម្រាប់កូន និងការអនុញ្ញាតឲ្យកូនលេងកីឡាជាប្រចាំ ជាកត្តាដ៏សំខាន់២ដែលចូលរួមក្នុងការជួយឲ្យកូនមានសុខភាពល្អ និងឆ្លាតវៃ៕
ប្រសិនបើម៉ាក់បារម្ភថា កូនអាចខ្វះជាតិដែក ម៉ាក់ៗ គួរតែនាំកូនទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ ឬអាចចុចលីងខាងក្រោមនេះ ដើម្បីវាស់កម្រិតជាតិដែកកូនបណ្តោះអាសន្ន៖
https://konchhlatclub.com.kh/km/ida?utm_source=Online+IDA+Questionnaire+QR&utm_medium=Hello+Krupet&utm_campaign=IDA
អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប
ស្វែងយល់ពីគន្លឹះបន្ថែមទៀតពីប្រធានបទកុមារ