អាហារជួយឱ្យខួរក្បាលកូនក្នុងផ្ទៃលូតលាស់ល្អ
ចំណីអាហារត្រឹមត្រូវមិនត្រឹមតែជួយឱ្យម៉ាក់ៗពពោះ និងកូនក្នុងផ្ទៃមានសុខភាពល្អទេ ប៉ុន្តែ ថែមទាំងជួយអភិវឌ្ឍខួរក្បាលកូនទៀតផង។ ខួរក្បាលទារកអភិវឌ្ឍតាំងពីនៅក្នុងផ្ទៃម្តាយម្ល៉េះ ដូច្នេះបើម៉ាក់ៗចង់ឱ្យកូនកើតមកឆ្លាតវៃ គួរដឹងអាហារដែលត្រូវញុំា។
ម៉ាក់ៗគួរដឹងពីប្រភេទអាហារមួយចំនួន ដែលជួយដល់ការលូតលាស់ខួរក្បាលទារកក្នុងផ្ទៃ និងអាចបង្ការទារកពីជំងឺខ្សោយបញ្ញាពីកំណើតផងដែរ។
១. អាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្កា ៣
អាស៊ីដខ្លាញ់អូមេហ្កា ៣ មាននាទីជួយអភិវឌ្ឍប្រព័ន្ធប្រសាទ និងភ្នែករបស់ទារកក្នុងផ្ទៃ។ អាស៊ីដខ្លាញ់អូមេហ្កា ៣ សម្បូរនៅក្នុងខ្លាញ់ត្រីរស់នៅក្នុងសមុទ្រទឹកជ្រៅ ដូចជា ត្រីសាល់ម៉ុន ត្រីស្បៃកា និងត្រីសាឌីនជាដើម។ ក្រៅពីនេះក៏មានក្នុងផ្លែបឺរ គ្រាប់វ៉ុលណាត់ គ្រាប់ឈៀ និងសណ្តែកសៀងផងដែរ។
២. បន្លែស្លឹកបៃតង
បន្លែស្លឹកបៃតងដូចជា ស្ពៃពួយឡេង ស្ពៃខ្មៅ សាឡាដ សម្បូរទៅដោយអាស៊ីដ Folate ដែលជាវីតាមីន B9 ជួយការពារកោសិកាខួរក្បាលទារកក្នុងផ្ទៃពីការខូចខាត និងពិការភាពពីកំណើត ដូចជាមាត់ឆែប បេះដូងចំហ និងខួរឆ្អឹងខ្នងបិទមិនជិតជាដើម។ ជាងនេះទៅទៀត បន្លែស្លឹកបៃតងផ្ទុកទៅដោយជាតិដែក ជួយម៉ាក់ៗកាត់បន្ថយភាពស្លេកស្លាំង អស់កម្លាំង និងជួយដល់ការអភិវឌ្ឍខួរក្បាលទារកក្នុងផ្ទៃផ្នែកចងចាំ និងរៀនសូត្រ។
៣. ផ្លែឈើអម្បូរបឺរី
ផ្លែឈើអម្បូរបឺរីដូចជា ប្លូបឺរី ស្រ្តបឺរី ប្លែកបឺរីជាដើម សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារជាលិកាខួរក្បាលទារកដែលកំពុងលូតលាស់ពីការបំផ្លាញរបស់រ៉ាឌីកាល់សេរី។ ក្រៅពីផ្លែឈើអម្បូរបឺរី ដំឡូងជ្វា ការ៉ុត ស្ពៃក្តោបពណ៌ស្វាយ សណ្តែក និង បើមឆាយថាវក្រហម ជាដើមក៏សម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែរ។
៤. ស៊ុត
ស៊ុតលឿងសម្បូរសារធាតុខូលីន (choline) ល្អខ្លាំងសម្រាប់ម៉ាក់ៗ កំពុងពពោះ ព្រោះទារកក្នុងផ្ទៃត្រូវការ សារជាតិចិញ្ចឹមមួយនេះដើម្បីជួយដល់ការអភិវឌ្ឍខួរក្បាល និងខួរឆ្អឹងខ្នង។ មួយវិញទៀត ស៊ុតមានផ្ទុកអ៊ីយ៉ូតដែលជាសារធាតុចាំបាច់សម្រាប់ម៉ាក់ៗផលិតអ័រម៉ូនទីរ៉ូអ៊ីត ជួយដល់ការលូតលាស់ប្រព័ន្ធប្រសាទរបស់ទារកក្នុងផ្ទៃ។ តាមការសិក្សាបានឱ្យដឹងថា ម៉ាក់ៗពពោះដែលមិនបានទទួលជាតិអ៊ីយ៉ូតគ្រប់គ្រាន់ កូនកើតមកអាចខ្សោយប្រាជ្ញា ក្រចេះនិយាយ និងលូតលាស់ខុសប្រក្រតី។
ដូចគ្នាដែរក្នុងអំឡុងពេលពពោះ ម៉ាក់ៗគួរចៀសវាងញុំាសាច់ ឬស៊ុតឆៅ ឬស្ទើរឆ្អិន ឯបន្លែ និងផ្លែឈើគួរលាងសម្អាតឱ្យបានស្អាតល្អ ចៀសវាងឆ្លងមេរោគដែលអាចប៉ះពាល់ទាំងសុខភាពម៉ាក់ៗ និងកូនក្នុងផ្ទៃ។
ដើម្បីស្វែងយល់បន្ថែមពីអាហារដែលសម្បូរដោយជីវជាតិ និងសារធាតុចិញ្ចឹម ដែលជួយឲ្យកូនរបស់លោកអ្នក មានការលូតលាស់ល្អក៏ដូចជា ជួយដល់ការអភិវឌ្ឍខួរក្បាលរបស់ពួកគេ សូមចុចទីនេះ ឬ លោកអ្នកអាចចុះឈ្មោះជាសមាជិក កូនឆ្លាតក្លឹប បានដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ សៀវភៅអប់រំ និងការប្រឹក្សាយោបល់ដោយឥតគិតថ្លៃបាន។
បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕