នោមញឹកអំឡុងពេលពពោះ គួរដោះស្រាយបែបណា?
បញ្ហានោមញឹកគឺជាសញ្ញាដំបូងនៃការពពោះ ដែលបណ្តាលមកពីបម្រែបម្រួលអ័រម៉ូនហើយអ័រម៉ូនមួយប្រភេទនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនលំហូរឈាមទៅកាន់តម្រងនោម។ ជាក់ស្តែង នៅពេលដែលលំហូរឈាមកាន់តែច្រើនការផលិតទឹកនោមក៏កាន់តែច្រើនដូចគ្នាដែលជាហេតុនាំឲ្យស្រ្តីពពោះនោមញឹក។ មិនដូចទៅនឹងអាការៈចង្អោរនិងអស់កម្លាំងនៅត្រីមាសទី១ដែលអាចបាត់ទៅវិញអាការៈនោមញឹកនៅតែបន្តរហូតដល់ថ្ងៃសម្រាល។ចាប់ពីសប្តាហ៍ទី១០ ដល់ទី១២ស្បូននឹងរីកធំ ព្រមទាំងសង្កត់ទៅលើប្លោកនោមដែលជាហេតុនាំឲ្យសមត្ថភាពផ្ទុកទឹកនោមរបស់ប្លោកនោមថយចុះទើបបង្កជាបញ្ហានេះឡើង។
ម៉ាក់ៗអាចគ្រប់គ្រងបញ្ហានោមញឹកអំឡុងពេលពពោះដោយវិធីណាខ្លះ?
ការពិតទៅអាការៈនោមញឹកនេះគឺជាការឆ្លើយតបនៃរាងកាយចំពោះការបម្រែបម្រួលទូទៅអំឡុងពេលពពោះដែលយើងមិនអាចបញ្ឈប់ ឬគ្រប់គ្រងបានទាំងស្រុងឡើយ។ យ៉ាងណាមិញស្រ្តីពពោះអាចអនុវត្តន៍គន្លឹះមួយចំនួនខាងក្រោមដើម្បីដោះស្រាយបញ្ហាមួយនេះ។
១. កាត់បន្ថយការញ៉ាំទឹកមុនចូលគេង
ដើម្បីជៀសវាងនោមញឹកម៉ាក់ៗមិនគួរញ៉ាំទឹកនៅរយៈពេល២ម៉ោងមុនពេលចូលគេងឡើយ។ឧទាហរណ៍៖
បើចូលគេងនៅម៉ោង៩យប់ម៉ាក់គួរឈប់ញ៉ាំទឹកនៅត្រឹមម៉ោង៧យប់បានហើយ។ ប៉ុន្តែ យើងមិនត្រូវកាត់បន្ថយការញ៉ាំទឹកពេញមួយថ្ងៃឡើយ ពីព្រោះការផ្តល់ជាតិទឹកដល់រាងកាយ គឺមានសារៈសំខាន់ណាស់អំឡុងពេលពពោះ។ យោងតាមមហាវិទ្យាល័យសម្ភព និងរោគស្ត្រីអាមេរិកបានណែនាំឲ្យម៉ាក់ៗកំពុងពពោះញ៉ាំទឹកយ៉ាងហោចណាស់ចាប់ពី៨ ទៅ១២កែវ ឬពីរលីត្រ ទៅ៣លីត្រ ក្នុងមួយថ្ងៃ។
២. កាត់បន្ថយការញ៉ាំភេសជ្ជៈ និងអាហារមួយចំនួន
ជាមួយគ្នានេះដែរ ភេសជ្ជៈជាក់លាក់មួយចំនួន ក៏អាចនាំឲ្យស្រ្តីពពោះនោមញឹកផងដែរ ក្នុងនោះរួមមាន ភេសជ្ជៈប៉ូវកម្លាំង កាហ្វេ និងតែជាដើម។ចំណែកអាហារដែលយើងគួរជៀសវាង រួមមាននំប៊ីស្គីត និងទំពាំងបារាំង។ល។ ដែលជាអាហារជួយបញ្ចុះទឹកនោម។
៣. នោមឲ្យអស់
ក្រោយពីនោមរួច ម៉ាក់អាចក្រោកឈរមួយភ្លែតឬផ្អៀងខ្លួន រួចនោមម្តងទៀត ដើម្បីឲ្យអស់ទឹកនោមពីប្លោកនោមទាំងស្រុងព្រមទាំងពន្យារពេលនៃការចូលបន្ទប់ទឹកលើកក្រោយទៀត។
ពេលណាដែលយើងគួរបារម្ភនៅពេលនោមញឹក?
ជាទូទៅ អាការៈនោមញឹកអំឡុងពេលពពោះ គឺជារឿងធម្មតាប៉ុណ្ណោះ តែក៏អាចបង្ហាញពីសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរដូចគ្នា។ ក្នុងករណីដែលម៉ាក់ៗនោមញឹក ព្រមទាំងមានអាការៈគ្រុនក្តៅ ឬឈឺចាប់ឬទឹកនោមមានក្លិន នោះអាចជាសញ្ញានៃការបង្ករោគលើផ្លូវទឹកនោមដែលចាំបាច់ត្រូវធ្វើការព្យាបាលភ្លាមៗ។ មួយវិញទៀត ការនោមញឹកក៏អាចជាសញ្ញាព្រមាននៃជំងឺទឹកនោមផ្អែមពេលពពោះ ដែលម៉ាក់ៗគួរប្រុងប្រយ័ត្នឲ្យបានដិតដល់ផងដែរ។
ដើម្បីស្វែងយល់បន្ថែមពីអាហារដែលសម្បូរដោយជីវជាតិ និងសារធាតុចិញ្ចឹម ដែលជួយឲ្យកូនរបស់លោកអ្នក មានការលូតលាស់ល្អក៏ដូចជា ជួយដល់ការអភិវឌ្ឍខួរក្បាលរបស់ពួកគេ សូមចុចទីនេះ ឬលោកអ្នកអាចចុះឈ្មោះជាសមាជិក កូនឆ្លាតក្លឹប បានដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍សៀវភៅអប់រំ និងការប្រឹក្សាយោបល់ដោយឥតគិតថ្លៃបាន។
បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះមិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេលឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះនិងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕
អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប