អំឡុងពេលពពោះ ម៉ាក់ៗគួរញ៉ាំទឹកប៉ុន្មានលីត្រទើបល្អ?
ទឹកមានសារៈសំខាន់ណាស់សម្រាប់មនុស្សយើងគ្រប់គ្នា មិនថាយើងមានឬគ្មានផ្ទៃពោះនោះទេ។ យ៉ាងណាមិញ នៅពេលដែលម៉ាក់ៗមានផ្ទៃពោះ ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់គឺជារឿងចាំបាច់មួយដែលមិនគួរធ្វេសប្រហែសឡើយ ពីព្រោះថាទឹកអាចជួយទ្រទ្រង់ដល់ការលូតលាស់ និងការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ហើយថែមទាំងជួយដល់ការរំលាយអាហារនិងគាំទ្រដល់ចលនាឈាមរត់របស់កូនថែមទៀតផង។
បន្ថែមពីនេះការញ៉ាំទឹកគ្រប់គ្រាន់ក៏អាចជួយឲ្យបរិមាណទឹកភ្លោះមានតុល្យភាពកាត់បន្ថយការហើមនិងហានិភ័យនៃការបង្ករោគលើផ្លូវទឹកនោមព្រមទាំងជួយឲ្យបំពង់រំលាយអាហារម៉ាក់ដំណើរការបានល្អ។
ផ្ទុយទៅវិញ ប្រសិនបើយើងញ៉ាំទឹកមិនគ្រប់គ្រាន់ទេនោះម៉ាក់ៗអាចប្រឈមនឹងបញ្ហាមួយចំនួនដូចជាវិលមុខ ធីងធោង និងឈឺក្បាល។
បរិមាណទឹកប្រចាំថ្ងៃដែលចាំបាច់សម្រាប់ស្រ្តីពពោះ
នៅពេលដែលម៉ាក់ៗមានផ្ទៃពោះតម្រូវការជាតិទឹកប្រចាំថ្ងៃក៏មានការកើនឡើងដែលអាចចន្លោះពី៨ទៅ១២កែវក្នុងមួយថ្ងៃ ឬប្រហែលពីពីរលីត្រ ទៅ៣លីត្រ។ប៉ុន្តែបរិមាណនេះ អាចមានការប្រែប្រួលប្រសិនបើម៉ាក់ធ្វើលំហាត់ប្រាណឬស្ថិតក្នុងអាកាសធាតុក្តៅខ្លាំង។