ហេតុអ្វីបានជាស្រ្តីពពោះ មានអាការចាញ់កូន?
ការទទួលបានសមាជិកថ្មី ពិតជាផ្ដល់ក្ដីរំភើបដល់គ្រួសារទាំងមូល ពិសេសម៉ាក់ៗដែលកំពុងពពោះកូន និងកំពុងទន្ទឹងចាំឃើញមុខកូនទៀតនោះ។ យ៉ាងណា ទន្ទឹមនឹងក្ដីរំភើបនឹងការបានជួបមុខសមាជិកថ្មី ម៉ាក់ៗក៏ត្រូវត្រៀមខ្លួនជាស្រេចដែរសម្រាប់ថ្ងៃសម្រាល មិនថាសម្ភារៈម្ដាយ សម្ភារៈកូន ក៏ដូចជាផ្លូវចិត្តរបស់ម៉ាក់ៗ។ ការត្រៀមផ្នែកសម្ភារៈយ៉ាងហោចណាស់ គួររៀបចំឲ្យរួចរាល់មួយខែមុនថ្ងៃសម្រាលចូលមកដល់។
ខាងក្រោមនេះជាអ្វីដែលម៉ាក់ៗគួរត្រៀមជាស្រេចសម្រាប់ថ្ងៃសម្រាល ក៏ដូចជារយៈពេលសម្រាកក្នុងមន្ទីរពេទ្យ និងរឿងរាវមួយចំនួនម៉ាក់ៗគួរធ្វើ។
ត្រៀមខ្លួនសម្រាប់ការសម្រាល
១. សម្រេចចិត្តលើវិធីសម្រាល
ការសម្រាលកូនអាចតាមរយៈការវះកាត់ ឬសម្រាលដោយធម្មជាតិ ម៉ាក់ៗខ្លះអាចត្រូវគ្រូពេទ្យណែនាំឲ្យសម្រាលដោយវះកាត់ដោយសារបញ្ហាសុខភាពណាមួយកើតមានលើកូន ឬម្ដាយ ឬទាំងពីរ ដែលការធ្វើដូចនេះដើម្បីសុវត្ថិភាពទាំងកូន និងម្ដាយ។ ដូចគ្នាដែរ ក៏មានម៉ាក់ៗមួយចំនួនចង់សម្រាលកូនដោយវះកាត់ដោយផ្អែកលើហេតុផលផ្ទាល់ខ្លួន។ ដូចនេះ មុនសម្រេចជ្រើសរើសវិធីសម្រាលណាមួយម៉ាក់ៗត្រូវពិភាក្សាជាមួយគ្រូពេទ្យឲ្យល្អិតល្អន់ពីផលវិបាក និងគុណសម្បត្តិជាមុន សឹមសម្រេចជាក្រោយ។
២. ត្រៀមផ្លូវចិត្ត
ត្រង់ចំណុចនេះម៉ាក់ៗក៏គួរដឹងដែរថា ការស្ដាប់រឿងរ៉ាវរន្ធត់ផ្សេងៗអាចធ្វើឲ្យប៉ះពាល់អារម្មណ៍ អាចធ្វើឲ្យម៉ាក់ៗមានអារម្មណ៍ខ្លាចពេលសម្រាល។ ដូចនេះហើយ ចូរកុំស្ដាប់ ឬអានរឿងរ៉ាវរន្ធត់ផ្សេងៗមុនថ្ងៃសម្រាល ដោយជំនួយមកវិញ ម៉ាក់ៗអាចស្វែងយល់ពីបទពិសោធន៍ល្អៗពីម៉ាក់ៗផ្សេងទៀតទាក់ទងនឹងការបានឃើញមុខកូន និងវិធីចិញ្ចឹមកូនជាដើម ទើបជាការប្រសើរ។
៣. ហ្វឹកហាត់វិធីសម្រួលអារម្មណ៍
ការហ្វឹកហាត់នេះមានសារៈសំខាន់ណាស់ សម្រាប់ជួយម៉ាក់ៗក្នុងពេលសម្រាល។ ការហ្វឹកហាត់វិធីដកដង្ហើមសម្រួលអារម្មណ៍ពេលសម្រាលជួយឲ្យម៉ាក់ៗមានអារម្មណ៍ជឿជាក់លើខ្លួនឯងនៅពេលសម្រាល និងអាចគ្រប់គ្រងការឈឺចាប់ពេលសម្រាល។ ម៉ាក់ៗគួររៀនអនុវត្តតិចនិកនេះក្នុងអំឡុងពេលកំពុងពពោះ ដើម្បីឲ្យប្រាកដថា ម៉ាក់ៗនឹងមិនមានអារម្មណ៍ភ័យនៅពេលសម្រាល។
៤. សម្ភារៈប្រើប្រាស់របស់ម៉ាក់ៗ
សម្រាប់សម្ភារៈប្រើប្រាស់ពេលត្រៀមសម្រាល និងពេលសម្រាកនៅពេទ្យក្រោយសម្រាលម៉ាក់គួរត្រៀមឲ្យហើយជាស្រេចមុនថ្ងៃសម្រាលមកដល់។ សម្ភារៈមួយចំនួនដែលម៉ាក់ៗអាចត្រូវការប្រើទាំងនោះពេលត្រៀមសម្រាល និងក្រោយសម្រាលមានច្រើនដូចជា៖
- ឯកសារពិនិត្យផ្ទៃពោះ
- សំលៀកបំពាក់រលុងៗងាយស្រួលពាក់ពេលសម្រាល មិនធ្វើឲ្យរឹបតឹង យ៉ាងតិចបីសម្រាប់
- អាវទ្រនាប់ដែលផ្ដល់ភាពងាយស្រួលពាក់មិនរឹបតឹង ពិសេសអាវទ្រនាប់ងាយដោះពេលឲ្យកូនបៅ
- ត្រៀមខោទឹកនោមសម្រាប់ខ្លួនឯងយ៉ាងតិចពីរដុំ
- ខោក្នុងប្រាំ ទៅប្រាំមួយគូ
- ប្រអប់មានដាក់ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ ក្រាសសិតសក់ សាប៊ូ ប្រដាប់ចងសក់ជាដើម
- កន្សែងពោះគោ ខ្នើយ និងស្រោមជើង
- ភេសជ្ជៈ និងអាហារសម្រន់ល្អចំពោះសុខភាពមួយចំនួនបើចាំបាច់
៤. សម្ភារៈសម្រាប់កូន
ដូចគ្នាដែរ សម្ភារៈមិនមែនត្រៀមសម្រាប់តែម៉ាក់ៗទេ កូនសំណព្វក៏ត្រូវមានសម្ភាៈប្រើប្រាស់ដែរ។ នេះជាអ្វីម៉ាក់ៗគួរត្រៀមសម្រាប់សមាជិកថ្មីរបស់ខ្លួន៖
- សំលៀកបំពាក់កូន និងកម្រាលពូកសម្រាប់កូនគេង
- ស្រោមដៃ ស្រោមជើង និងមួក
- ខោទឹកនោម ក្រដាសអនាម័យទុកជូតគូទកូន
- ដបទឹកដោះគោ ទុកប្រើក្នុងករណីចាំបាច់
- ឈ្មោះរបស់កូន សម្រាប់ធ្វើសំបុត្របញ្ជាក់កំណើតចេញដោយមន្ទីរពេទ្យ
រឿងរ៉ាវមួយចំនួនម៉ាក់ៗគួរធ្វើដឹងពេលកំពុងសម្រាកក្នុងមន្ទីរពេទ្យ
១. ដាក់កូនជាប់ដើមទ្រូង និងបំបៅដោះ
ក្រោយសម្រាលកូនបានប៉ុន្មានម៉ោង គឺជាពេលសំខាន់ណាស់សម្រាប់ម៉ាក់ៗ និងកូនចាប់ផ្ដើមផ្សារភ្ជាប់ទំនាក់ទំនងគ្នា ដោយម៉ាក់ៗអាចដាក់កូននៅនឹងទ្រូងស្បែកប៉ះស្បែក និងព្យាយាមបំបៅដោះកូន។ ការធ្វើបែបនេះមានប្រយោជន៍ដល់កូន ដូចជាកាត់បន្ថយការយំ ជួយឲ្យចង្វាក់បេះដូង និងដង្ហើមដើរបានល្អ និងបង្កើនកម្រិតអុកស៊ីសែនក្នុងខ្លួនកូន ជាដើម។
២. សុំយោបល់ពីការបំបៅដោះកូន
ជាមួយគ្នានេះដែរបើម៉ាក់ៗទើបតែមានកូនដំបូង ជារឿងសំខាន់ណាស់ដែលត្រូវដឹងពីរបៀបបំបៅដោះកូនឲ្យបានត្រឹមត្រូវ។ គិលានុបដ្ឋាន អាចណែនាំម៉ាក់ៗពីរបៀបបំបៅដោះកូនដែលមិនធ្វើឲ្យកូនឈ្លក់ ឬអាចបង្ហាញ ម៉ាក់ៗពីសញ្ញាដែលកូនឃ្លាន ឬឆ្អែត ជាដើម។
៣. ការទំលាក់សុក
ក្រោយសម្រាលកូនបានពីប្រាំ ទៅ៣០នាទី សុកនឹងធ្លាក់ចុះ ដែលម៉ាក់ៗអាចមានអារម្មណ៍ដឹងថាស្បូនកន្ត្រាក់ម្ដង ឬពីរដង។ យ៉ាងណា បើសិនជាសុកក្រធ្លាក់លើសពី ៣០នាទីនោះគ្រូពេទ្យ ឬពេទ្យឆ្មបនឹងធ្វើអន្តរាគមន៍លើរឿងនេះ ដើម្បីជួយឲ្យសុកធ្លាក់។ ដូចគ្នាដែរ ការកន្ត្រាក់ស្បូនក៏កើតមានឡើងដែរនៅពីរបីថ្ងៃបន្ទាប់ពីសម្រាល គឺដើម្បីឲ្យស្បូនវិលទៅរកភាពប្រក្រតីវិញ ដែលការណ៍នេះអាចធ្វើឲ្យម៉ាក់ៗមានការឈឺចាប់ខ្លះៗ។ ក្នុងករណីឈឺចាប់ខ្លាំង ម៉ាក់ៗអាចសុំថ្នាំបំបាត់ការឈឺចាប់ពីគ្រូពេទ្យ។
៤. ការថែទាំទ្វារមាស
ការសម្រាលកូនតាមធម្មជាតិ ស្រីៗអាចគេចមិនផុតទេការដាច់រហែកទ្វារមាស ដោយសារតែទំហំកូនធំ ឬរយៈពេលសម្រាលយូរជាដើម។ ការដាច់រហែកនេះ ត្រូវគ្រូពេទ្យដេរភ្ជិតវិញ ដោយរួមទាំងអាចប្រើថ្នាំស្ពឹកផង។ ដើម្បីឲ្យទ្វារមាសឆាប់ជាសះស្បើយម៉ាក់ៗត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ។ ជាមួយគ្នានេះដែរ ការស្អំទឹកកក ក៏ជាមធ្យោបាយមួយជួយឲ្យទ្វារមាសឆាប់ជាសះស្បើយដែរ។
ដោយឡែកសម្រាប់ម៉ាក់ៗសម្រាលកូនដោយវះកាត់វិញ ទ្វារមាសមិនជាបញ្ហានោះទេ តែត្រូវយកចិត្តទុកដាក់ត្រង់ថ្នេរទៅតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីឲ្យប្រាកដថាមិនដាច់ថ្នេរ ឬមានមេរោគឆ្លងនៅត្រង់មុខរបួស។ ម៉ាក់ៗអាចត្រូវសម្រាកពេទ្យយូរ ឬឆាប់អាស្រ័យលើសុខភាពម៉ាក់ៗផ្ទាល់ និងប្រភេទនៃការសម្រាល។ សម្រាប់អ្នកសម្រាលតាម ធម្មជាតិអាចសម្រាកពេទ្យប្រហែលបីថ្ងៃ និងសម្រាលដោយវះកាត់អាចចន្លោះពីបីទៅប្រាំថ្ងៃ ដើម្បីតាមដានសុខភាពម៉ាក់ៗ និងកូន។
បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕