sការចាក់វ៉ាក់សាំង
វ៉ាក់សាំង មានតួនាទីការពារកូនៗ ពីជំងឺឆ្លងធ្ងន់ធ្ងរមូយចំនួន ដែលអាចឆ្លងចូលក្នុងខ្លួនតាំងពីតូច។ វ៉ាក់សាំងត្រូវបានផ្តល់ឲ្យកុមារតាំងពីក្មេងពីព្រោះជំងឺទាំងអស់នេះអាចកើតឡើងគ្រប់ពេលតាំងពីតូច។
ប្រភេទវ៉ាក់សាំងខុសគ្នានីមួយត្រូវបានចាក់ទៅតាមពេលវេលា និងកាលវិភាគៗខុសគ្នា ដើម្បីទទួលបានការការពារមានប្រសិទ្ធភាពខ្ពស់។
ការចាក់វ៉ាក់សាំងពីក្មេងពិតជាចាំបាច់
-កូនមិនឆ្លង ឬចម្លងមេរោគពីខ្លួនគេទៅអ្នកដទៃ ឬឆ្លងពីអ្នកដទៃចូលខ្លួនគេ
-មិនងាយឈឺធ្ងន់ ឬឈានដល់ស្លាប់។
មានវ៉ាក់សាំងច្រើនប្រភេទក្មេងៗត្រូវទទួលការចាក់។ វ៉ាក់សាំងសំខាន់ ២ គឺវ៉ាក់សាំងការពារជំងឺខាន់ស្លាក់ ត្រូវចាក់ មុនគេបានអាយុមួយខួប ចំណែកឯវ៉ាក់សាំងការពារជំងឺកញ្ជ្រឹលវិញ គឺត្រូវចាក់ឲ្យបានមុនអាយុ ២ខួប។
ដោយឡែកពេលក្មេងចុះឈ្មោះចូលរៀនថ្នាក់បឋម ពួកគេក៏ត្រូវចាក់វ៉ាក់សាំងការពារជំងឺឆ្លងជាច្រើនដូចជា ជំងឺរបេង (BCG) ជំងឺក្អកមាន់ ជំងឺតេតាណូស ជំងឺស្វិតដៃជើង ជំងឺស្រឡទែន ស្អូច និងជំងឺរលាកថ្លើមប្រភេទ B។ បើមិនចាក់គឺ ខាងសាលាអត់ទទួលឲ្យចូលរៀន។
វ៉ាក់សាំងមួយចំនួនអាចចាក់ ឬមិនចាក់ក៏បាន
ក្នុងមួយឆ្នាំៗ គេរកឃើញវ៉ាក់សាំងប្រភេទថ្មីដើម្បីការពារជំងឺឆ្លងជាច្រើនដូចជា វ៉ាក់សាំងប្រភេទបូកចូលគ្នា វ៉ាក់សាំងមេរោគ Pneumococcal វ៉ាក់សាំងជំងឺរាករូស (Rotavirus) វ៉ាក់សាំងជំងឺផ្ដាសាយ និងវ៉ាក់សាំងជំងឺអុតស្វាយជាដើម។ លោកអ្នកអាចពិគ្រោះជាមួយគ្រូពេទ្យកុមារ អំពីវ៉ាក់សាំងសំខាន់ៗ ដែលគួរចាក់ និងឧស្សាហ៍កើតមុនសម្រេចចិត្តចាក់។
អ្វីជាវ៉ាក់សាំង "៥ក្នុង១" និង "៦ក្នុង១"?
វ៉ាក់សាំងរូបមន្តថ្មីសម្រាប់កុមារ អាចការពារជំងឺ ៥-៦ប្រភេទ នៅក្នុងវ៉ាក់សាំងចាក់មួយម្ជុល។ វ៉ាក់សាំងប្រភេទបូកចូលគ្នា ត្រូវបានគេបញ្ជាក់ថា មានប្រសិទ្ធភាព និងមានសុវត្ថិភាព។
ចំណាំ៖
-វ៉ាក់សាំង ៥មុខក្នុង១ មានផ្ទុកវ៉ាក់សាំងប្រឆាំងជាមួយជំងឺ ខាន់ស្លាក់ ក្អកមាន់ តេតាណូស ស្វិតដៃជើង និងមេរោគ Haemophilus Influenzae type B (Hib)។
-វ៉ាក់សាំង ៦មុខក្នុង១ មានផ្ទុកវ៉ាក់សាំងប្រឆាំងជាមួយជំងឺ ខាន់ស្លាក់ ក្អកមាន់ តេតាណូស ស្វិតដៃជើង មេរោគ Haemophilus Influenzae type B (Hib) និងជំងឺរលាកថ្លើមប្រភេទ B។
ពេលណាគួរយកកូនទៅចាក់វ៉ាក់សាំង?
គេចាក់វ៉ាក់សាំងឲ្យក្មេងលើកដំបូងបំផុត ពេលកូនកើតមកភ្លាម។ គេចាក់វ៉ាក់សាំងមេរោគរបេង BCG និងចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B លើកដំបូងបន្ទាប់ពីកូន កើតមកភ្លាម។ ប៉ាម៉ាក់គួរនាំកូនតូច មកចាក់វ៉ាក់សាំងឲ្យបានទៀងទាត់នៅតាមគ្លីនិកឯកជន ឬនៅមន្ទីរពេទ្យកុមារ។
ពេលណាខ្លះកូនអ្នកមិនគួរចាក់វ៉ាក់សាំង?
ដើម្បីបង្កើនការប្រុងប្រយ័ត្នឲ្យខ្ពស់ មានពេលខ្លះ មិនគួរយកកូនទៅចាក់វ៉ាក់សាំងទេ ទោះជាវ៉ាក់សាំងជាទូទៅល្អក៏ដោយ ក៏មានផលអវិជ្ជមានដែរ។
មុនយកកូនទៅចាក់(វ៉ាក់សាំង) គួរប្រាប់គ្រូពេទ្យពីអាការៈកូនសិន បើកូន៖
-កំពុងឈឺ
-កំពុងតែប្រើថ្នាំ
-ទើបតែបញ្ចូលម៉ូលេគុលឈាម ឧទាហរណ៍៖ immunoglobulins
-មានប្រតិកម្មអាលែកហ្ស៊ី ឧទាហរណ៍៖ អាលែកហ្ស៊ីជាមួយស៊ុត ឬថ្នាំពេទ្យមួយចំនួន
-ធ្លាប់មានប្រតិកម្មធ្ងន់ធ្ងរពេលចាក់វ៉ាក់សាំងលើកមុន
-មានប៉ះពាល់ជាមួយអ្នកមានប្រព័ន្ធការពារខ្សោយ
-បញ្ហាសុខភាពណាមួយ ឧទាហរណ៍៖ មានប្រព័ន្ធការពារខ្សោយ មានបញ្ហាប្រព័ន្ធប្រសាទ ឬមានការលូតលាស់មិនប្រក្រតី។
ប្រសិនបើអ្នកមិនប្រាកដថា កូនគួរចាក់បាន ឬអត់ណាស់។ សូមប្រឹក្សាយោបល់ ជាមួយគ្រូពេទ្យជាមុនសិន។
តើវ៉ាក់សាំងមានសុវត្ថិភាពកម្រិតណា? ចុះផលរំខានអ្វីខ្លះ?
ជាទូទៅវ៉ាក់សាំងមិនមានគ្រោះថ្នាក់អ្វីឡើយ។ ប៉ុន្តែវាក៏មិនខុសគ្នាជាមួយថ្នាំពេទ្យដែរ ដោយសារតែមានអ្នកខ្លះមានប្រតិកម្មជាមួយវា។ ជាធម្មតាប្រតិកម្មរបស់វ៉ាក់សាំង គឺមិនធ្ងន់ធ្ងរ និងមិនបង្កឲ្យមានគ្រោះថ្នាក់ឡើយ។ វាជារឿងធម្មតាដែលអ្នកអាចក្ដៅខ្លួន ឈឺ ឡើងក្រហម និងហើមនៅត្រង់កន្លែងចាក់វ៉ាក់សាំងរួច។ ជាធម្មតាប្រតិកម្មរបស់វ៉ាក់សាំង អាចកើតឡើងក្នុងរយៈពេល ១ថ្ងៃ ឬ២ថ្ងៃ ហើយវាមានរយៈពេលចន្លោះពី ២-៣ថ្ងៃទើបបាត់ ប៉ុន្តែមានវ៉ាក់សាំងខ្លះទៀតអាចមានប្រតិកម្មក្នុងក្នុងរយៈពេលយូរ បន្ទាប់ពីការចាក់វ៉ាក់សាំងរួច។
នៅរយៈពេល ២-៣សប្ដាហ៍បន្ទាប់ពីចាក់វ៉ាក់សាំង BCG រួច អ្នកអាចនឹងឃើញមានឡើងកន្ទួលក្រហមនៅត្រង់កន្លែងចាក់។ ដុំកន្ទួលនោះអាចនឹងរីកទំហំ និងក្លាយទៅជាដំបៅ និងមានសំបកក្រាស់កើតឡើង ហើយវានឹងបន្សល់ស្នាមក្រោយពីសំបកនោះបាត់ទៅវិញ។ វាគឺជាប្រតិកម្មធម្មតា មិនមែនជាផលរំខានរបស់វ៉ាក់សាំងឡើយ។
សម្រាប់ការចាក់វ៉ាក់សាំង MMR គឺមានក្មេងៗមួយចំនួនអាចក្ដៅខ្លួន និងឡើងកន្ទួលនៅក្នុងរយៈពេល ១ ទៅ២សប្ដាហ៍បន្ទាប់ ឬហើមកូនកណ្ដុរនៅក្នុងរយៈពេល ៣-៤សប្ដាហ៍ក្រោយ។ មានក្មេងខ្លះទៀតអាចកើតជំងឺអុចស្វាយកម្រិតស្រាល ដែលវាឡើងកន្ទួលក្នុងរយៈពេលមួយខែបន្ទាប់ពីចាក់វ៉ាក់សាំងអុតស្វាយរួច។
គួរយកកូនទៅពេទ្យភ្លាមប្រសិនបើកូន៖
-ក្ដៅខ្លួនខ្លាំង
-យំខុសពីធម្មតា ឬយំមិនបាត់សោះ
-ឡើងកន្ទួលរមាស់ខ្លាំង ឬឡើងហើម
-ប្រកាច់
-មើលទៅមិនស្រួល ឧទាហរណ៍. ពិបាកដកដង្ហើម ស្លេកស្លាំង ឬបេះដូងលោតញាប់ជាដើម
-ឬកូន មានអាកប្បកិរិយាមិនប្រក្រតី។
រហូតមកដល់ពេលនេះ អ្នកវិទ្យាសាស្ត្រនៅមិនទាន់រកឃើញភស្តុតាងណាមួយបង្ហាញថា វ៉ាក់សាំងអាចធ្វើឲ្យក្មេងៗមានបញ្ហាលូតលាស់នៅឡើយទេ។
នេះជាគន្លឹះងាយៗពេលយកកូនមកចាក់វ៉ាក់សាំង៖
-យករបស់លេងអីដែលកូនចូលចិត្តមកជាមួយ។
-ត្រូវទប់ស្មារតីធ្វើធម្មតា ដោយសារតែកូន អាចធ្វើតាមអារម្មណ៍។
-ត្រូវលួងលោម និងផ្ដល់ភាពកក់ក្ដៅឲ្យពួកគេ ដោយអោបគេ អង្អែល និងនិយាយជាមួយគេ។
-ត្រូវតាមដានកូនរបស់អ្នកក្នុងរយៈពេល ប៉ុន្មានថ្ងៃបន្ទាប់ ដើម្បីតាមដានអំពីផលរំខានរបស់វ៉ាក់សាំងដូចបានរៀបរាប់ខាងលើ។
-គ្រូពេទ្យអាចឲ្យថ្នាំខ្លះ ដើម្បីឲ្យកូន លេបសម្រាប់បំបាត់ការឈឺចាប់ ឬក្ដៅខ្លួន។
-ត្រូវប្រាកដថាកូនរបស់អ្នកផឹកទឹកបានច្រើន។ ឬព្យាយាមបញ្ចុកទឹកគេឲ្យបានច្រើន បើគេក្ដៅខ្លួន។
ករណីខកណាត់ មិនបានចាក់វ៉ាក់សាំងតាមការណាត់
ពេទ្យអាចប្រាប់ពីវិធីដែលកូន អាចចាក់វ៉ាក់សាំងបន្តបានត្រឹមត្រូវតាមកាលវិភាគ។ តែព្យាយាមធ្វើម៉េចកុំឲ្យខក ជាការល្អ។
បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕