អាហារសរសៃសម្រាប់កូន ហេតុអ្វីបានជាគួរឲ្យញ៉ាំ? ញ៉ាំប៉ុណ្ណា?
សារធាតុកាកសរសៃមានសារសំខាន់ចំពោះការបន្ទោរបង់លាមក ហើយបើព្យាយាមញ៉ាំឲ្យបានច្រើននឹងជួយឲ្យមានទម្លាប់ញ៉ាំអាហារល្អសម្រាប់សុខភាពទៅថ្ងៃអនាគត។ សារធាតុកាកសរសៃមានច្រើនប្រភេទ ហើយត្រូវបានចែកជាពីរក្រុមធំៗ។ ទី១- សារធាតុកាកសរសៃរលាយក្នុងទឹក និងទី២- សារធាតុកាកសរសៃមិនរលាយក្នុងទឹក។ សារធាតុកាកសរសៃរលាយក្នុងទឹកសំបូរនៅក្នុងផ្លែឈើ បន្លែ ក្រុមសណ្ដែក និងក្រុមអាហារធញ្ញជាតិ មួយចំនួនដូចជា ស្រូវសាឡី។ ចំណែកឯក្រុមមិនរលាយក្នុងទឹកវិញសំបូរក្នុងក្រុមធ្វើពីអង្ករសម្រូប ដូចជានំប៉័ងធ្វើពីអង្ករសម្រូប (wholemeal bread) មីអ៊ីតាលីធ្វើពីអង្ករសម្រូប (wholemeal pasta) អង្ករសម្រូប និងក្រុមអាហារធញ្ញជាតិ ដែលសំបូរសារធាតុកាកសរសៃ។ អ្នកអាចជំរុញឲ្យកូនអ្នកញ៉ាំអាហារសរសៃឲ្យបានច្រើនដោយ៖
-ធ្វើសណ្ដែកដុត ឬស្ងោរដាក់ជាមួយ នំប៉័ងធ្វើពីអង្ករសម្រូបអាំងឲ្យក្រៀម
-បន្ថែមផ្លែឈើ និងបន្លែក្នុងអាហារ ឬម្ហូប
-យកបន្លែ ឬផ្លែឈើធ្វើជាអាហារសម្រន់ ឬបង្អែមលាងមាត់
-ដាក់បន្លែឲ្យបានច្រើនក្នុងបាយ ឬមីឆា។ កាត់ឲ្យតូចដើម្បីកុំឲ្យកូនងាយឆ្កឹះចេញបាន។
-ដាំបាយលាយគ្នាអង្ករសម្រិត (ពណ៌ស) ៣ភាគ និងអង្ករសម្រូប (ពណ៌ត្នោត) ១ភាគ
-ដាក់បន្លែដូចជាការ៉ុតនិងខ្ទឹមបារាំងក្នុងសាច់ចិញ្ច្រាំ ឬប្រហិត ឬដាក់ដុំតូចៗ ឬកិនដាក់ក្នុងស៊ុបតែម្ដងក៏បាន។
ការញ៉ាំសារធាតុសរសៃទាំងពីរមុខរួមគ្នាជាការល្អដោយសារវាមាននាទីផ្សេងគ្នាក្នុងរាងកាយយើង។ តែសូមចាំថា ក្មេងមិនត្រូវការអាហារសរសៃច្រើនដូចមនុស្សពេញវ័យទេ។ របបអាហាររបស់អាមេរិកណែនាំឲ្យញ៉ាំហោចណាស់ ១៩ក្រាម/មួយថ្ងៃ ចំពោះក្មេង អាយុចន្លោះពី ១-៣ឆ្នាំ។
អាហារ សារធាតុកាកសរសៃ(ក្រាម)
1/2 ផ្លែប៉ោមតូច..................................................................1
1/2 ពែង Cornflakes.......................................................0.5
1/2 ពែងនៃការុត.............................................................0.8
នំបុ័ងធ្វើពីអង្ករសម្រូប 1 ចំណិត.........................................1.5
ផ្លៃល្ហុង 1 ចំណិត.............................................................0.5
អង្ករ 1 ពែង.....................................................................0.5
អង្ករសម្រូប 1 ពែង...........................................................1.6
មិនគួរអោយក្មេងញ៉ាំសារធាតុសរសៃច្រើនពេកទេ ព្រោះវាអាចប៉ះពាល់សុខភាពក្មេងបាន។
ដំបូងឡើយ វាអាចធ្វើអោយឆាប់ឆ្អែត និងនឹងពោះបានយូរ។ ហេតុនេះហើយវាធ្វើអោយប៉ះពាល់ដល់បរិមាណអាហារដែលក្មេងញ៉ាំនិងការលូតលាស់លើការអភិវឌ្ឍទូទៅរបស់កូន។
សារធាតុសរសៃមិនរលាយច្រើនពេក អាចធ្វើឲ្យស្រូបជាតិដែក និងកាល់ស្យូមពីពោះវៀនច្រើន។ ដូចនេះហើយ អាចប្រឈមនឹងការទល់លាមកកាន់តែច្រើនឡើងដោយសារធាតុកាកសរសៃច្រើនពេកឯជាតិទឹកវិញតិចពេក។
គួរញ៉ាំអង្ករសម្រូប និងអង្ករសម្រិតលាយគ្នាជាជាងញ៉ាំអង្ករសម្រូបសុទ្ធ។ ដូចនេះគួរឲ្យក្មេងញ៉ាំអាហារឲ្យបានច្រើនមុខ និងផ្សេងៗគ្នាទាំងក្រុមអាហារសំបូរសារធាតុកាកសរសៃនិងក្រុមអាហារផ្សេងៗ។
បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕
អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប
ស្វែងយល់ពីគន្លឹះបន្ថែមទៀតពីប្រធានបទកុមារ