SHARE

៣វិធីងាយៗដោះស្រាយបញ្ហាទល់លាមកកូនយ៉ាងមានប្រសិទ្ធភាព ម៉ាក

សុខភាព​ក្រពះពោះវៀនរបស់​មនុស្សម្នាក់ៗ​មិនដូចគ្នាទេ ក្នុង​ការ​បន្ទោរបង់។ ចំពោះអ្នក​មាន​សុខភាពល្អ​ មិន​ថា​កូន​ក្មេង​ ឬ​មនុស្ស​ធំ លាមក​មាន​សភាព​ទន់​ដែលមិន​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​ពេល​បន្ទោ​បង់។ ជាធម្មតា​​បន្ទោ​បង់អាចចន្លោះពី​ ៣ដង​ក្នុង​មួយ​ថ្ងៃ ឬ​បើតិច​ជាងនេះ​ចំពោះ​ក្មេង​ខ្លះ​ត្រឹម​តែ​បី​ដង​ក្នុង​មួយ​សប្ដាហ៍​។ ចំពោះក្មេង​ៗ​ ​អាច​ប្រឈម​មុខខ្ពស់​ក្នុង​ការ​ជួប​បញ្ហា​ទល់​លាមក​។ បើកូនតូច​ជួបបញ្ហាទល់លាមក តើ​បណ្ដាល​មកពីអ្វី? ម៉ាក់គួរដោះស្រាយបែបណា? ហើយ​បើចង់បង្កាទៅលើបញ្ហានេះគួរធ្វើបែបណា?

 

១. មូល​ហេតុ​ក្មេង​ទល់​លាមក​

 

​ក្មេង​ដែល​មាន​សុខ​ភាព​ក្រពះ​ពោះ​វៀន​ល្អ​មិន​ងាយ​ប្រឈម​នឹង​បញ្ហា​ទល់​លាមក​​ទេ​។ ផ្ទុយ​មក​វិញ​ ក្មេង​ដែល​មាន​បញ្ហា​​សុខភាព​ក្រពះ​ពោះ​វៀន​នឹង​ប្រឈម​មុខខ្ពស់ទៅលើ​បញ្ហា​ទល់​លាមក​ហើម​ពោះ ឬ​រាក​​។​ ក្មេង​ទល់​លាមក​អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ច្រើន​យ៉ាង តែ​ពេល​ខ្លះ​ក៏​មិន​មាន​មូល​ហេតុ​ច្បាស់​លាស់​ដែរ​។ យ៉ាង​ណា​​របប​អាហារ និង​សកម្ម​ភាព​រាង​កាយ​ជា​មូល​ហេតុ​បណ្ដាលឲ្យ​មាន​បញ្ហាទល់លាមកនេះគួរឲ្យកត់សម្គាល់ជាងគេ។

 

ក្មេង​ដែល​ញ៉ាំ​ទឹកមិន​គ្រប់​គ្រាន់ មិន​ញ៉ាំ​បន្លែ ឬផ្លែ​ឈើ ក៏​ជា​ដើម​ហេតុ​នៃ​បញ្ហា​ទល់​លាមកផងដែរ​។ ក្រពះ​ពោះ​វៀន​មាន​សុខភាព​ល្អ ដរាប​ណា​យើង​ញ៉ាំ​អាហារ​ជំនួយ​ដល់​ពោះ​វៀន ដូច​ជា​អាហារ​សម្បូរ​ជាតិ​សរសៃ​​។ សារធាតុ​ទាំង​នេះ​ជួយ​ឲ្យ​បាក់​តេរី​ក្នុង​ពោះ​វៀន​មាន​លំនឹង និង​ជួយ​ឲ្យ​ក្រពះ​ពោះ​វៀន​មាន​សុខភាព​ល្អ​។ បើ​កូន​មិន​ទទួល​បាន​អាហារ​ទាំង​នេះ​ទេ នោះ​សុខភាព​ក្រពះ​ពោះ​វៀន​ក៏​ខ្សោយ​ទៅ​តាម​ហ្នឹង​ដែរ​ហើយ​បើសិន​ក្រពះពោះវៀន​ចុះខ្សោយ​នឹង​បណ្ដាលឲ្យ​មាន​បញ្ហា​ដូចបានរៀបរាប់ខាងលើ។

 

ក្រៅពី​របបអាហារ សកម្មភាព​រាងកាយ​ក៏​ដើរ​តួសំខាន់ដូចគ្នា។ ក្មេង​ដែល​មាន​សកម្មភាព​រាងកាយ​តិចតួច ឬ​អត់សោះ​ក្មេងដែល​ចូល​ចិត្ត​នៅ​អង្គុយ​ស្ងៀម​មួយ​កន្លែង​ក៏សុទ្ធតែ​អាច​មាន​​បញ្ហា​ទល់​លាមក​ដូច​គ្នា។ ដំណោះស្រាយ​ពេលនេះ ការដែល​ម៉ាក់ប៉ាលើកទឹកចិត្ត​និង​ជំរុញ​ឲ្យកូន​រត់​លេង​ច្រើន ឬ​ធ្វើ​សកម្មភាព​រាង​កាយ​ច្រើន ជា​ការ​រួម​ចំណែក​កាត់​បន្ថយ​បញ្ហា​ទល់​លាមកផងដែរ​។​

 

២. ផល​ប៉ះ​ពាល់​ដោយ​សារ​បញ្ហា​ទល់​លាមក​

 

ក្មេង​ដែល​ឧស្សាហ៍​ទល់លាមក ឬ​ទល់​លាមក​រ៉ាំ​​រ៉ៃ​អាច​បង្ក​​ឲ្យ​មាន​ការ​ឈឺ​ចាប់ ពេលកូន​ប្រឹងជុះម្ដងៗ​។ ក្រៅ​ពី​នេះ បញ្ហា​ទល់​លាមក​ធ្ងន់ធ្ងរ​អាច​ធ្វើ​ឲ្យ​កូន​មាន​បញ្ហា​ឈឺ​គូទ និង​រហែក​ស្បែក​បរិវេណ​គូទ​​ពេល​បន្ទោ​បង់​​ឬ​អាច​លៀន​ចេញ​ក្រសាល​គូទ​ក៏មានដែរ​។ លើសពីនេះ​ដោយ​សារ​តែ​កូន​មាន​ការ​ឈឺ​ចាប់​​ពេល​បន្ទោ​បង់​បែប​នេះ កូន​អាច​នឹង​មិន​ចង់​បត់​ជើង ហើយ​ខំ​ទប់​លាមក​ ដែល​ជា​លទ្ធ​ផល​លាមក​នឹង​ប្រមូល​ផ្ដុំ​ច្រើន​នៅ​ពោះ​វៀន​ធំ​និង​អាច​បង្ក​ឲ្យ​មាន​ការ​លេច​លាមក​ដាក់​ខោ​​ដោយ​មិន​ដឹង​ខ្លួន​។

 

៣. ដំណោះស្រាយ​បញ្ហា​ទល់​លាមក​

 

ឲ្យតែ​កូន​មាន​បញ្ហា​ហើម​ពោះ រាក ឬ​ទល់​លាមក អ្វីដែល​ត្រូវដឹងមុនគេគឺ ​ក្រ​ពះ​ពោះ​វៀន​កូន​កំពុង​មាន​បញ្ហា ទើប​បណ្ដាលទៅ​ជា​បែបនេះ​។ ដើម្បី​កាត់​បន្ថយ​ការ​ប្រឈម​នេះ ម៉ាក់ត្រូវ​ជួយ​កូនឲ្យមាន​សុខភាព​ក្រពះ​ពោះវៀន​​កូនល្អសិន​។

 

ថ្ងៃនេះ ​“កូន​ឆ្លាត​ក្លឹប” សូម​ណែនាំ​ម៉ាក់ៗ​នូវដំណោះស្រាយ ៣យ៉ាង​​សម្រាប់បញ្ហាទល់លាមក​របស់​កូន។ តើ​វិធីទាំងនោះ​មានអ្វីខ្លះ? លំបាកឬអត់? 

 

វិធីទី១៖ ឲ្យ​កូន​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ

 

ជា​ការ​ពិត​ក្នុង​ក្រពះ​ពោះ​វៀន​របស់​យើង​មាន​មីក្រូ​សរីរាង្គ​ជាង​១០០​ពាន់​លាន ដែល​ភាគ​ច្រើន​ជាពពួក​បាក់​តេរី​។ មីក្រូ​សរីរាង្គ​ទាំង​នេះ ជួយ​ការ​ពារ​​យើង​ពី​ការ​ឆ្លង​រោគ ជួយ​រំលាយ​អាហារ ជួយ​លើក​កម្ពស់​សុខភាព​ក្រពះ​ពោះ​វៀន និង​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ប៉ា​ម៉ាក់​ចង់​ឲ្យ​កូន​មាន​សុខភាព​ក្រពះ​ពោះ​វៀន​ល្អ ត្រូវ​ផ្ដល់​អាហារ​ដែល​មាន​ជាតិ​សរសៃ​ឲ្យ​កូន​ញ៉ាំ ព្រោះ​អាហារ​ប្រភេទ​នេះ​​ជួយ​ឲ្យ​បាក់តេរី​ក្នុង​ពោះ​វៀន​មាន​សុខ​ភាព​ល្អ​​។

 

អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ​មាន​ដូច​ជា​បន្លែ ផ្លែ​ឈើ និង​គ្រាប់​ធញ្ញជាតិ ឬ​ក្នុង​ទឹក​ដោះ​គោ​ម្សៅ ហើយ​ក្មេង​ៗ​ត្រូវ​ការ​អាហារ​​ទាំង​នេះ​ប្រចាំ​ថ្ងៃ​ដើម្បី​កាត់​បន្ថយ​បញ្ហា​ទល់​លាមក និង​បញ្ហា​សុខ​ភាព​មួយ​ចំនួន​ផ្សេង​ទៀត​។

 

វិធីទី២៖ អាហារ​ល្អ​ចំពោះ​បាក់តេរី​ក្នុង​ពោះវៀន​​ផ្សេង​ទៀត

 

ពេល​និយាយ​ដល់​អាហារ​ល្អ​សម្រាប់​បាក់តេរី​ក្នុង​ពោះ​វៀន នោះ​យើង​អាច​គិត​ដល់​បន្លែ​នឹង​ផ្លែ​ឈើ ដូច​បាន​រៀប​រាប់​ខាង​លើ​។ ប៉ុន្តែ​ម៉ាក់​ៗ​ដឹង​អត់​ពពួក​ទឹក​ដោះ​គោ​ម្សៅ​​ អាហារ​ផ្អាប់​ដូច​គីមឈី ជ្រក់ យ៉ាអួរ ក៏​ជា​​អាហារ​ល្អ​សម្រាប់​បាក់តេរី​ក្នុង​ពោះ​វៀន​ដែរ​។

 

អាហារ​ទាំង​នេះ​ជួយ​បន្ថែម​បាក់​តេរី​ល្អ​ទៅ​ក្នុង​ក្រពះ​ពោះ​វៀន​របស់​ក្មេង និង​ជួយ​បំបែក​ជាតិ​ស្ករ ឬ​ជាតិ​ឡាក់តូស ដែល​ប្រព័ន្ធ​រំលាយ​អាហារ​កូន​ពិបាក​រំលាយ​។ ការណ៍​នេះ​នឹង​ផ្ដល់​ផល​ល្អ​ដល់​សុខភាព​ក្រពះ​ពោះ​វៀន​កូន និង​កាត់​បន្ថយ​បញ្ហា​ទល់​លាម​ដែរ​។

 

វិធីទី៣៖កុំ​ឲ្យ​កូន​ញ៉ាំ​អា​ហារ​កែ​ច្នៃ​ច្រើន

 

អាហារ កែច្នៃ​ដូច​ជា​អាហារ​កញ្ចប់ ​សាច់​កែ​ច្នៃ ឬ​អាហារ​ប្រភេទ​ Fast Food ​​បើ​ក្មេង​ញ៉ាំ​ច្រើន ឬ​ញឹក​ញាប់​ពេក អាច​បណ្ដាល​ឲ្យ​ក្មេង​ប្រឈម​នឹង​បញ្ហា​ទល់​លាមក​ដែរ​ព្រោះ​អាហារ​ទាំង​នេះ​រំខាន​ដល់​ដំណើរ​ការ​របស់​បាក់​តេរី​ល្អ​ក្នុង​ពោះ​វៀន​។​ដូច​គ្នា​ដែរ ការ​សិក្សា​រក​ឃើញ​ថា ការ​ផឹក​ភេសជ្ជៈ​កំប៉ុង​ក៏​រំខាន​ដល់​បាក់តេរី​ល្អ​ក្នុង​ពោះ​វៀន​កូន​ដែរ​។​

 

៤. ពេល​ណា​គួរ​ជួប​ពេទ្យ?

 

នៅ​ពេល​កូន​ទទួល​បាន​​​របប​អាហារ និង​សកម្មភាពរស់​នៅ​ប្រចាំថ្ងៃល្អ​ហើយ​ តែ​នៅ​តែ​ជួប​បញ្ហា​ទល់​លាមក​ប៉ា​ម៉ាក់​គួរ​នាំ​កូន​ជួប​ជាមួយ​គ្រូពេទ្យ​។ ពិសេស​បើ​កូន​ទល់​លាមក​ហើយ​និង​មាន​អាការៈ​ឈឺ​ក្នុង​ពោះ ក្ដៅ​ខ្លួន​ ឈាម​ក្នុង​លាមក កូន​មិន​សូវ​ញ៉ាំ​អាហារ លៀន​ក្រសាល​គូទ ឬ​ស្រក​ទម្ងន់​ទៀត​នោះ រឹតតែ​មិន​ត្រូវ​បង្អង់យក​កូនទៅពិនិត្យឬទទួលការ​ព្យាបាលពីគ្រូពេទ្យជំនាញឡើយ។

 

គ្រូពេទ្យ​អាច​ផ្ដល់​ជា​ថ្នាំ និង​អាហារ​បំប៉ន​មួយ​ចំនួន​ដល់​កូន​ដើម្បី​កាត់​បន្ថយ​បញ្ហា​ទល់​លាមក​ក្រោយ​ពី​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹម​ត្រូវ​។​

 

Source: Hello Krupet

 

 

អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប​

  • វិធីសាស្រ្ត និងគន្លឹះផ្សេងៗតាមដំណាក់កាលនិមួយៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ​

  • កាដូអនុស្សាវរីយ៍ និងសៀវភៅអប់រំសម្រាប់អ្នកម្តាយពពោះ និងអ្នកម្តាយដែលមានកូនគ្រប់ ២ឆ្នាំ​

  • ការពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ពីកូនឆ្លាតក្លឹប​
Careline Footer

ចង់ដឹងបន្ថែមអំពីកូនឆ្លាតក្លឹប? ទាក់ទងមកឥលូវនេះតាមប្រព័ន្ធទំនាក់ទំនងខាងក្រោម

អត្ថបទពិសេស

ស្វែងយល់ពីគន្លឹះបន្ថែមទៀតពីប្រធានបទកុមារ

x